រឿង ខ្មោចលង
ខ្មោចលងពិត
កាលពីខ្ញុំនៅអាយុប្រហែល ១០ ឆ្នាំ នាពេលល្ងាចមួយដែលខ្ញុំបរិភោគអាហារ
ពេលល្ងាចរួច។ មិត្តខ្ញុំម្នាក់បានបបួលខ្ញុំទៅដើរលេង ថ្ងៃនោះគឺជាថ្ងៃចូលឆ្នាំខ្មែរ ជាពេលដែលព្រះច័ន្ទពេញវង់។ មានកំលោះក្រមុំជាច្រើនលេងល្បែងប្រជាប្រិយ
អ៊ូអរយ៉ាងសប្បាយរីករាយ។ រូបខ្ញុំវិញគឺខ្ញុំលេងបិតពួនដែលជាល្បែងសំរាប់ក្មេង
គឺគេចែកជាពីរក្រុម។ ក្រុមខ្ញុំជាអ្នកចាំទី ក្រុមខ្ញុំមានសមាជិកប្រហែល ១៥ នាក់។
ខ្ញុំក៏បានរត់ដេញអ្នកដែលរត់ពួន នៅពេលនោះគឺខ្ញុំរត់ដេញស្រមោលមួយ មិនដឹងជា
ស្រមោលអ្វី វាហាក់ដូចជាមនុស្ស។នៅពេលដែលខ្ញុំដេញវារត់នៅពេលដែលខ្ញុំឈប់
ស្រមោលនោះក៏ឈប់ដែរ ស្រមោលនោះវានៅឆ្ងាយពីខ្ញុំប្រហែល ១០០ ម៉ែត្រ។
ខ្ញុំក៏ចាប់ផ្តើមឆ្ងល់! ខ្ញុំក៏ស្រែកសួថា តើអ្នកជានរណា? ស្រមោលខ្មៅនោះមិនឆ្លើយទេ
ខ្ញុំក៏និយាយថាខ្ញុំឈប់លេងហើយ តោះយើងទៅផ្ទះទាំងអស់គ្នា។
ស្រាប់តែពេលនោះអ្វីដែលខ្ញុំរន្ធត់ ហើយព្រឺក្បាល គឺស្រមោលនោះចាប់ផ្តើមរលាយ
បន្តិតម្តងៗ ខ្ញុំក៏ចាប់ផ្តើមស្លុត ឈរដោយមិនហ្នឹងខ្លួនមើលស្រមោលនោះរលាយ
ក្លាយជាខ្យល់។ ខ្ញុំបានដឹងថាមិនមែនជាមនុស្ស ខ្ញុំក៏រត់ត្រលប់ក្រោយយ៉ាងលឿន ។
ពេលមកដល់ភូមិទើបខ្ញុំដឹងថាខ្ញុំរត់ដេញស្រមោលនោះអស់រយះពេល ៣ ម៉ោង
នឹងចំងាយប្រហែល ៥ គឺឡូម៉ែត្រ។ ខ្ញុំបានមើលនាឡិកា គឺម៉ោង ១ យប់ ហើយ
ពួកកំលោះក្រមុំ និងពួកក្មេងៗ បានទៅផ្ទះអស់ហើយ។ ពេលដល់ផ្ទះខ្ញុំមិននិយាយ
ប្រាប់នរណាម្នាក់ទេ ខ្ញុំចាប់ផ្តើមឈឺរយះ ៣ ថ្ងៃទើបខ្ញុំអាចទៅរៀនបាន។
ចាប់ពីថ្ងៃនោះមកខ្ញុំឈប់ដើរលេងយប់ ហើយក៏ចាប់ផ្តើមមានអារម្មណ៍លែងសូវខ្លាច
ដូចមុន ព្រោះខ្ញុំបានស្គាល់រសជាតិខ្មោចលងយ៉ាងចំលែក។
តាំងពីជួបប្រទះរឿងនេះមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ដូចមានគេប្រាប់ខ្ញុំថា ការដើរ
លេងយប់វាមិនល្អទេដូចខ្ញុំអញ្ចឹង ជួបខ្មោចលងដោយមិនដឹងខ្លួន។ ចប់
ខ្មោចលង
[...] កំពុងអង្គុយនិយាយគ្នា ជាមួយបងខ្ញុំសុខៗ ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើង ។ ខ្ញុំរត់ទៅទទួលទូរស័ព្ទ… ស្របពេលរត់ទៅជិតដល់កន្លែងដាក់បញ្ចូលថ្មទូរស័ព្ទហើយ ស្រាប់តែភ្លើងដាច់ងងឹតឈឹង ។ ខ្ញុំបើកភ្នែកធំៗ ព្រោះផ្ទៃបន្ទប់ទាំងមូលពោរពេញទៅដោយភាពខ្មៅងងឹត គឺមានតែភ្លើងទូរស័ព្ទ ដែលកំពុងរោទិ៍នៅឆ្ងាយពីដៃរបស់ខ្ញុំតែប៉ុណ្ណោះ ។ ក្រោយពីដឹងថាភ្លើងដាច់ ខ្ញុំមានអារម្មណ៍ថាទូរស័ព្ទរបស់ខ្ញុំ ដូចជាចម្លែកខុសពីថ្ងៃធម្មតា ។ វារោទិ៍រហូតអត់ដាច់សោះ…!
បន្ទាប់ពីគិតចប់ ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំខ្លាចនោះបាននឹងចូលមកដល់ហើយ … ម៉ែអើយម៉ែ! ព្រឺឆ្អឹងខ្នងណាស់ ម៉ែអើយ! បន្តិចក្រោយមក ពេលខ្ញុំដើរ ទៅ ដល់ កន្លែងបញ្ចូលថ្មទូរស័ព្ទនោះ ទូរស័ព្ទរបស់ខ្ញុំក៏ឈប់រោទិ៍ តែ ខ្ញុំ មិន បាន លើក វា មើល ទេ ព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះ។ ខ្ញុំប្រុង នឹងដើរចេញ មក អង្គុយ និយាយ បន្ត ទៀត ស្រាប់តែសំឡេងទូរស័ព្ទរបស់ខ្ញុំ បានរោទិ៍ម្តងទៀត។ ពេលនេះហើយ ជា ពេល ដែល ធ្វើអោយខ្ញុំលោះព្រលឹងអស់រលីង ព្រោះសំឡេងទូរស័ព្ទរបស់ខ្ញុំ ឮយ៉ាង ចម្លែក ណាស់ គឺចំលែកខុសពីថ្ងៃធម្មតា… មិនដឹងថាមូលហេតុអី្វទេ? បទចម្រៀងដែល នៅ ក្នុង ទូរស័ព្ទរបស់ខ្ញុំបានដូរ… តែអ្វីដែលគួរអោយរន្ធត់នោះ គឺបទនៅក្នុងទូរស័ព្ទ របស់ខ្ញុំ នេះ ជាបទដង្ហែរខ្មោចទៅវិញ? ពេលនោះខ្ញុំសម្រេចចិត្តនឹងទទួលទូរស័ព្ទមកនិយាយ តែអ្វីដែលគួរអោយព្រឺទៅទៀតនោះ គឺមានដៃមួយចាប់ដៃរបស់ខ្ញុំជាប់។
ខ្ញុំខំប្រឹងយ៉ាងណា ក៏មិនអាចដកដៃចេញ ពីដៃដ៏សែនចម្លែកនោះបានដែរ ។ តែខ្ញុំឆ្ងល់ណាស់! គឺឆ្ងល់ត្រង់ថា បើវាជាដៃរបស់បងស្រីរបស់ខ្ញុំ ហេតុអីបានជាមិនឃើញខ្លួនរបស់គាត់ ម៉េចក៏ឃើញតែដៃទទេបែបនេះ ?
គិតមកដល់ត្រឹមនេះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ…. ខ្ញុំខំស្រែកអោយបងខ្ញុំ ជួយ តែ គាត់បែរជាខ្លាចជាងខ្ញុំទៅទៀត! ដោយធ្វើយ៉ាងណា ក៏មិនអាចដកដៃរបស់ខ្ញុំ ចេញពីដៃនេះបាន ខ្ញុំបានសំរេចចិត្តសួរទៅថា៖
«តើអ្នកចង់បានអ្វីពីខ្ញុំ? ហើយមានការអី ម្តេចមិនឆាប់និយាយមក?»
«ទេ! ខ្ញុំមិនចង់បានអ្វីពីឯងទេ! តែខ្ញុំមកនេះ គឺចង់អោយឯងជួយ យកសាកសព របស់ ខ្ញុំ ចេញ ពីផ្នូរ ហើយយកមកសំអាតឲ្យផង ព្រោះវាកខ្វក់ណាស់…»
ក្រោយពីបានឮដូច្នេះ ខ្ញុំក៏ដួលសន្លប់លែងដឹងខ្លួន តាំងពីពេលនោះទៅ។…
ពេលខ្ញុំដឹងខ្លួនឡើង វិញ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំឃើញ ឪពុកម្តាយនិងសាច់ញាតិរបស់ខ្ញុំ នាំគ្នាមកអង្គុយទ្រហោយំគ្រប់ៗគ្នា។
« ហេតុអីបានជាអ្នកទាំងអស់គ្នា នាំគ្នាយំយ៉ាងនេះ? នរណាគេកើតអីមែនទេម៉ាក់?» ខ្ញុំសួរទៅម្តាយដោយងឿងឆ្ងល់។
«កូនឯងហ្នឹងហើយ! ប៉ាម៉ាក់ស្មានថា កូនទៅចោលប៉ាម៉ាក់ហើយតើ!… ដឹងទេថាកូនសន្លប់ពីរយប់ពីរថ្ងៃហើយ !?»
«ពីរយប់ពីរថ្ងៃ ?!!!…» ខ្ញុំឧទាន ដោយភ្ញាក់ផ្អើល ហើយនឹកភ្នកទៅដល់រឿង ដែល បានកើតឡើងពីរថ្ងៃមុន។
«ទេ! កូនអត់អីទេ! កុំព្រួយអី…» ខ្ញុំ និយាយកម្លាចិត្ត ហើយឱនទៅឱបម្តាយ ដើម្បីបំបាត់ភាពភ័យខ្លាច ដែលកំពុងដិតជាប់នៅក្នុងអារម្មណ៍នៅឡើយ។ អ្នកម៉ាក់យកដៃអង្អែលសក់ខ្ញុំថ្នមៗ ដោយក្តីស្រឡាញ់ និងហួងហែង។ ខ្ញុំដកដង្ហើមធំ នឹងរឿងដែលបានជួបប្រទះ នៅយប់នោះ ហើយបន្តិចក្រោយមក ខ្ញុំក្រឡេកទៅមើលរូបថតធំមួយរបស់ខ្ញុំ ដែលព្យួរនៅលើជញ្ជាំងក្បែរនោះ។ រំពេចនោះស្រាប់តែលេចចេញរូបភាព ខ្មោចនោះបក់ដៃឲ្យខ្ញុំទៅជាមួយគេ ! ពេលនោះខ្ញុំស្រែកឡើងយ៉ាងខ្លាំង! រហូតតាំងសតិលែងបាន។
« ទេ! ទេ!… ចេញទៅ !… ចេញទៅ !… ម៉ាក់ជួយកូនផង !… ម៉ាក់! គេមកយកកូនទៅហើយ!!!»
ដោយដឹងថាអារម្មណ៍របស់ខ្ញុំ នៅរវើរវាយនៅឡើយ អ្នកម៉ាក់បានឲ្យបងប្អូនខ្ញុំ ដេក កំដរ ខ្ញុំ មួយយប់ទល់ភ្លឺ ដោយខ្លាចរឿងនោះកើតមកលើខ្ញុំម្តងទៀត។
ប៉ុន្មានថ្ងៃ ក្រោយមក ខ្ញុំមានអារម្មណ៍ថា គ្រាន់បើជាងមុន ដោយបាន ដើរកំសាន្ត ខ្លះៗ នៅតាម សួនច្បារ។ តែខ្ញុំនៅតែមានការភ័យខ្លាច ព្រោះទូរស័ព្ទនៅក្នុងហោប៉ៅរបស់ខ្ញុំ មិនដឹងថា វានឹងរោទិ៍ឡើងពេលណាទៀតទេ? នេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានជួបប្រទះនឹងរឿង ដ៏គួរអោយភ័យខ្លាចបំផុត៕
រឿងអាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។ ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទេះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្តមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្តីមីកន្តីឲ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។