ប្រវត្តិបច្ចេកវិទ្យា

 តើ Facebook កើត​ឡើង​តាំង​ពី​ពេល​ណា​មក?
Facebook គឺ​ជា​គេហទំព័រ​​បណ្ដាញ​សង្គមដ៏​ល្បី​​មួយ ដែល​បាន​​​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ2004 ហើយ​បច្ចុប្បន្ន​នេះ​​ជា​កម្មសិទ្ធិ​របស់ Facebook Inc។ Facebook បង្កើត​ឡើយ​ដោយ​ស្ថាបនិក​ចំនួន​បួន​រូប​គឺ Mark Zuckerberg (នាយក​ប្រតិបត្តិ) Chris Hughes, Dustin Moskovitz និង Eduardo Saverin។ បច្ចុប្បន្ន​នេះ Facebook មាន​ទីស្នាក់ការ​​ធំ​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វ័រញ៉ាសហរដ្ឋ​អាមេរិក។ ​ក្រៅ​ពី​ទីស្នាក់ការ​ធំ​នេះ Facebook មាន​ទីស្នាក់ការ​ធំ​នៅ​តាម​ទ្វីប​នីមួយ​ៗ​ ផ្សេង​ទៀត​​ដូច​ជា​ ​​ទីក្រុង Dublinប្រទេស​អៀរឡង់​ទទួល​​បន្ទុក​​នៅ​អឺរ៉ុប​  មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ ចំណែក​អាស៊ី​មាន​ពីរ​ទីស្នាក់ការ​គឺ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ និងនៅ​​ទីក្រុង​ហាយដារ៉ាបាត (Hyderabad) ប្រទេសឥណ្ឌា។ ចំណែក​នៅ​អូសេអានី​វិញ​មាន​នៅ​ទីក្រុង Wellington ប្រទេស​នូវែលហ្សេឡង់។ 
ប្រវត្តិនៃ​ការ​កកើត Facebook
មុន ​ពេល​បង្កើត​​គេហទំព័រ​សង្គម​ដ៏ល្បី​មួយ​នេះ Mark Zuckerberg បាន​សរសេរ​គេហទំព័រ Facemash ​នៅ​ខែ​តុលា​ ឆ្នាំ2003 ពេល​​គាត់​រៀន​​នៅ​មហាវិទ្យាល័យ​​ឆ្នាំ​ទីពីរ​នៃ​សាកលវិទ្យាល័យ Harvard។ ​នៅ​ពេល​នោះ​គាត់​បាន​លួច​ចូល​បណ្ដាញ​សំងាត់​កុំព្យូទ័រ​​​របស់​ សាកលវិទ្យាល័យ​ ដើម្បី​ទាញ​យក​លេខ ID រូបភាព​របស់​និស្សិត​ដែល​ស្នាក់​នៅ​​អន្តេវាសិកដ្ឋាន ​ទៅ​បង្ហោះ​នៅ​លើ Facemash តែ​នៅ​ពេល​នោះ​សាកលវិទ្យាល័យ​ពុំ​ទាន់​រៀប​ចំ​នៅ​ឡើយ​​។
Facemash មាន visitor 450 នាក់​ និង​មាន​រូបថត​ប្រហែល 22 000 សន្លឹក​ក្នុង​រយៈ​ពេល​តែ​បួន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​​ពី​បង្កើត​។ តែ​គួរ​ឲ្យ​ស្ដាយ​រដ្ឋបាល​របស់​សាកល​វិទ្យា​ល័យ​​បាន​បិទ Facemash បន្ទាប់​ពី​បង្កើត​បាន​ត្រឹម​តែ​​បី​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​​​ថែម​ទាំង​បាន​ចោទ​ប្រកាន់គាត់​​ពីបទ​បំផ្លាញ​ប្រព័ន្ធ​ការពារ​ សុវត្ថិភាព ​និង​លួច​យក​កម្មសិទ្ធិ​បញ្ញា​​របស់​សាលា និង​​​រំលោភ​លើ​សិទ្ធិ​ឯកត្តជន​ទៀត​ផង។ តែ​ការ​ចោទ​ប្រកាន់​នោះ​បាន​លុប​ចោល​វិញ។
នៅ ​ខែមករា​ ឆ្នាំ 2004 Zuckerberg បាន​សរសេរ Code គេហទំព័រ​មួយ​ទៀត ហើយ​ក៏​បាន​ដាក់​បង្ហោះ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ2004 ដែល​មាន​ឈ្មោះ​ថា “Thefacebook”។ ក្នុង​ខែ​ដំបូង​​មាន​និស្សិត​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​​ដែល​រៀន​នៅ Harvard ជាង​ពាក់​កណ្ដាល​បាន​ចុះ​ឈ្មោះ​​ចូល​ជា​សមាជិក​នៅ​ក្នុង​គេហទំព័រ​នេះ​។ Thefacebook មាន​អ្នក​ជំនាញ​តែ​បួន​នាក់​ប៉ុណ្ណោះ​​ គឺ Eduardo Saverin (អ្នក​ជំនាញ​ខាង​ពាណិជ្ជកម្ម ) Dustin Moskovitz (អ្នក​សរសេរ​កម្មវិធី ) Andrew McCollum (អ្នក​រចនា​ក្រាហ្វិក ) និង Chris Hughesd (បច្ចុប្បន្ន​ជា​អនុប្រធាន​ទទួល​បន្ទុក​លើ​ផលិតផល) បាន​ជួយ​ជ្រោមជ្រែង Zuckerberg ផ្សព្វ​ផ្សាយ​គេហទំព័រ​នេះ។
នៅ​ខែ​មីនា​ឆ្នាំ 2004 Thefacebook បាន​ពង្រីក​ទៅ​ដល់ Stanford, Columbia, Yale, Boston University, New York University, MIT និង​ជាពិសេស​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នៅ​កាណាដា​ និង​អាមេរិក។ នៅ​រដូវ​ក្ដៅ​ឆ្នាំ 2004 Facebook បាន​បង្កើត​ជា​ក្រុមហ៊ុន​សាជីវកម្ម  ​ដែល​មាន Mark Zuckerberg ​ធ្វើ​ជា​ប្រធាន។ Facebook បាន​ពង្រីក​ទីតាំង​ប្រតិបត្តិការ​ទៅ California នៅ​​ខែឧសភា ​ឆ្នាំ 2004  ហើយ​នៅឆ្នាំ 2005 គាត់​បាន​ទិញ Domain name “facebook.com” ក្នុង​តម្លៃ 200, 000 ដុល្លារ​។
នៅ​តាម​វិទ្យាល័យ​វិញ Zuckerberg បាន​កំណត់​ថា​វា​ជា​ជំហាន​ទីពីរបន្ទាប់​ពី​សាកលវិទ្យា​ល័យ​សម្រាប់​​ការ​ ដាក់​​ឲ្យ​ប្រើ​ប្រាស់​គេហទំព័រ​របស់​គាត់​។ ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ 2006 មក​ ​អ្នក​ដែល​មាន​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ ហើយ​មាន​អាយុចាប់​ពី 13 ឆ្នាំ​អាច​ចូល​ជា​សមាជិក​គេហទំព័រ​នេះ​បាន​។

ឆ្នាំចំណូល (លានដុល្លារ)កំណើន (%)
200652
2007150188
200828087
2009800186
20101,10038

ចាប់ ​តាំង​ពី​ឆ្នាំ 2007 មក Mark Zuckerberg ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជា​ពិសេស គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​។ ជាក់​ស្ដែង​នៅ​ខែ​តុលា​ ឆ្នាំ 2007 Microsoft បាន​ទិញ​ភាគ​ហ៊ុន facebook 1.6% ដែល​មាន​តម្លៃ 240 លាន​ដុល្លារ ធ្វើ​ឲ្យ ភាគ​ហ៊ុន​សរុប​របស់ Facebook កើន​ឡើង ដល់ 15 ពាន់​លាន​ដុល្លារ។ ​គិត​មក​ដល់​ត្រឹម​ខែ​វិច្ឆិកា​ ឆ្នាំ2010 ភាគ​ហ៊ុន​សរុប​របស់ Facebook បាន​កើន​ឡើង​ដល់​ជាង 41 ពាន់​លាន​ដុល្លារ។

កាល​បរិច្ឆេទអ្នក​​ប្រើ​ប្រាស់ (លាន​នាក់) កំណើ​ន​ប្រឆាំ​ខែ (%)
សីហា 2008100178.38
មេសា 200920013.33
កញ្ញា 200930010
កុម្ភៈ 20104006.99
កក្កដា 20105004.52

Facebook ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ចាប់​ពី​ឆ្នាំ 2008 មក​ បើ​គិត​ត្រឹម​ចុច​ឆ្នាំ​2010 នេះ​មាន​អ្នក​ប្រើ​ប្រាស់​ជាង 500 លាន​នាក់​ហើយ​៕

 ហេតុអ្វីបានជាYouTube លេចចេញជារូបរាង?

 YouTube គឺ​ជា​គេហទំព័រ​ផ្ទុកឯកសារ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ចែក​រំលែក upload និង​បើក​មើល​ឯកសារ​ទាំង​នោះ​​បាន​។ គេហទំព័រ​មួយ​នេះ​បាន​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ 2005។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​​ធំ​នៅ San Bruno រដ្ឋ​កាលីហ្វ័រញ៉ា ​។ YouTube ប្រើប្រាស់​បច្ចេកវិទ្យា Adobe Flash Video សម្រាប់​​ជំនួយ​ដល់​ការ​បើក​ឯកសារ​ជា​វីដេអូ​បាន​ច្រើន​​​ប្រភេទ​ដូច​ជា​ ភាពយន្ដ Clip, TV Clip, និង​ចម្រៀង​វីដេអូ​​ជា​ដើម​។
អ្នក ​ដែល​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​ YouTube ហើយ​អាច upload ឯកសារ​​វីដេអូ​​ចូល​ក្នុង​គេហទំព័រ​មួយ​នេះ​បាន​ តែ​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​​​​អាច​ត្រឹម​តែ​ បើក​មើល​តែ​ប៉ុណ្ណោះ។ ​ ​​​អ្នក​ដែល​មាន​សិទ្ធ​​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​គេហទំព័រ​មួយ​ នេះ​​បាន​ទាល់​តែ​មាន​អាយុ ​18 ឆ្នាំ​ឡើង​ទៅ។

ប្រវត្តិ​របស់ You Tube
YouTube បង្កើត​ឡើង​ដោយ ស្ថាបនិក​ចំនួន​បី​រូប​គឺChad Hurley, Steve Chen, និង Jawed Karim ដែល​ពួកគេ​ទាំង​អស់​គ្នា​បម្រើ​​ការ​ងារ​​​ឲ្យ​​ក្រុមហ៊ុន PayPal។ Hurley រៀន​ខាង​ផ្នែក​រចនា​នៅ​​សកលវិទ្យាល័យ​ Indiana Pennsylvania ចំណែក Chen និង Karim រៀន​ជំនាញ​វិទ្យាសាស្ដ្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Illinois។
នៅ​ ដើម​​ឆ្នាំ 2005 ​Hurley និង Chen បាន​​ផ្ដួច​ផ្ដើម​គំនិត​បង្កើត YouTube ដំបូង​​បន្ទាប់​ពីពួក​គាត់​ទាំង​ពីរ​មាន​បញ្ហា​ក្នុង​ការ​ចែក​រំលែក​ឯកសារ​ វីដេអូ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​ នៅ San Francisco។ Karim មិនបាន​ចូល​រួម​កម្មវិធី​ជប់​លៀង​នោះ​ទេ ​ហើយ​គាត់​បាន​បដិសេធ​ថា​​ YouTube មិន​មែន​កើតឡើង​បន្ទាប់​ពី​កម្មវិធី​ជប់​លៀង​នោះ​ទេ ចំណែក​ Hurley ​វិញ​នៅ​តែ​អះអាង​ថា YouTube បង្កើត​ឡើង​ក្រោយ​ពី​ការ​កើត​មាន​បញ្ហា​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​​នោះ​​ មែន​។
YouTube បាន​បង្កើត​ឡើង​ដំបូង​ជា​មួយ​នឹង​ទុន​វិនិយោគ​ត្រឹម​តែ 11.5 លាន​ដុល្លារ​ប៉ុណ្ណោះ​ ដែល​ជា​ភាគ​ហ៊ុន​របស់ Sequoia Capital ក្នុង​ចន្លោះ​ខែ​វិច្ឆិកា 2005 និង​ខែ​មេសា 2006។ ចំពោះ Domain Name របស់​វា​គឺ www.youtube.com ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​ខែ​កុម្ភៈ ឆ្នាំ 2005។
ចំពោះ​ឯកសារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង YouTube ដំបូង​គឺ​មាន​ឈ្មោះ​ថា Me at the zoo ដែល ​បង្ហាញ​ពី​ជីវិត​របស់​លោក​ Hurley នៅ San Diego Zoo។ វីដេអូ​នេះ​បាន​ uploadចូល​YouTube នៅ​ខែ​មេសា 2005 ហើយ​​រហូត​មក​ដល់​ពេល​នេះ​នៅ​អាច​បើក​មើល​បាន។
នៅ ​អាមេរិក​​គិត​ត្រឹម​ខែ​ឧសភា 2010​ YouTube មាន​ចំណែក​ទីផ្សារ 43%។ ​ចំណែក​ការ​ផ្គត់ផ្គង់​ទីផ្សារ​វីដេអូ​របស់​ពិភព​លោក​មាន​រហូត​ដល់​ទៅ 64%​​យោង​តាម​ទិន្នន័យ​ពី​Hitwise 2007​​។ យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ ​Alexa របស់​​អាមេរិក​បានបង្ហាញ​ថា YouTube ជា​បណ្ដាញ​ដែល​គេ​​ចូល​ប្រើ​ប្រាស់​ច្រើន​បំផុត​បន្ទាប់​ពី Google និង Facebook។
ក្នុង​ឆ្នាំ 2006 ក្រុមហ៊ុន Google បាន​ទិញ​ភាគហ៊ុន​របស់ You Tube ក្នុង​ទឹក​ប្រាក់ 1.65 ពាន់​លាន​ដុល្លារ​។ កាល​ពី​ខែ​មិថុនា 2008 ទស្សនាវដ្ដី Forbes បាន​ចុះ​ផ្សាយ​ថា YouTube រក​ប្រាក់​ចំណូលបាន 200 លាន​ដុល្លារ​អាមេរិកប្រចាំ​ឆ្នាំ​។ តែ​នៅ​ចុង​​ត្រីមាស​ទីមួយ​ឆ្នាំ 2010​នេះ ​តាម​ការ​វិភាគ​របស់​ Wall Street បាន​បង្ហាញ​ថា​ You Tube មាន​ចំណូល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ 1​ពាន់​លាន​ដុល្លារ​ឯណោះ​។
បច្ចុប្បន្ន ​នេះ​គេហទំព័រ​មួយ​នេះ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ធំ​ៗ​ មួយ​ចំនួន​ដូច​ជា MGM, Lions Gate Entertainment និង CBS។ ​លើស​ពី​នេះ You Tube ក៏​មាន​បញ្ចូល​វីដេអូ​កីឡា​មួយ​ចំនួន​ដូចជា Indian Premier League ដែល​ជា​ប្រភេទ​កីឡា Cricket ដ៏​ធំ​របស់​ឥណ្ឌា​​ផង​ដែរ​​៕

 Google កើត​ឡើង​ដូច​ម្ដេច?

Google Inc គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​ (MNC) ដែល​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ការ​ស្រាវជ្រាវ​តាម​បណ្ដាញ​អ៊ីនធឺណិត ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​។ ​ Google មាន​​ផលិតផល​ និង​សេវាកម្មបច្ចេក​វិទ្យា​​ជា​ច្រើន​។ ​​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ស្វែងរក​ចំណេញ​បាន​ច្រើន​បំផុត​​គឺ​​ កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម AdWords។
បច្ចុប្បន្ន ​នេះ Google មាន​លោក Eric Schmidt ជា​នាយក​ប្រតិបត្តិ​​ លោក Sergey Brin ជា​ប្រធាន​ទទួល ​បន្ទុក​ខាង​បច្ចេកវិទ្យា លោក Larry Page ជា​ប្រធាន​ផ្នែក​ផលិតផល​។
Google មាន​ទីស្នាក់ការ​ធំ​នៅ Mountain View រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​។

ប្រវត្តិ​របស់ Google
Google ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ១៩៩៨​មក​ម្ល៉េះ។ ដំបូង​ឡើយ​វា​គ្រាន់​តែ​ជា​គម្រោង​ស្រាវ​ជ្រាវ​របស់​ ​​លោក Larry Pageនិង Sergey Brin នៅ​ពេល​​ដែល​គាត់​ទាំង​ពីរ​​នាក់​កំពុង​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វ័រញ៉ា​ប៉ុណ្ណោះ​។
Search engine ដំបូង​ដែល​គាត់ទាំង​ពីរ​​​​បាន​ដាក់​ឲ្យ​ដំណើរការ​គឺ BackRub។ Search Engine មួយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​មួយ Server របស់​សាកលវិទ្យាល័យ Standford បាន​ជាង​មួយ​ឆ្នាំ ​តែ​​ដោយ​វា​ត្រូវ​ការ​ព័ត៌មាន​ច្រើនពេក (bandwidth) ​ទើប​អាច​ប្រើ​បាន​ ដូច្នេះ​សាកលវិទ្យាល័យ​នេះ​ក៏​ឈប់​ប្រើ​វា​ទៅ​​។

Domain name របស់​​Googleគឺ​ google.com បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា ឆ្នាំ 1997។  គិត​ត្រឹម​​​​ចុង​ឆ្នាំ 1998 ទំព័រ search របស់​ Google ​នៅ​តែ​ជា​ទំព័រ​សាកល្បង​នៅ​ឡើយ។ Google បាន​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​​នៅ​ខែ​កញ្ញា​ ឆ្នាំ 1998។​ នៅ​ចុង​ឆ្នាំ 1998 ក្រុមហ៊ុន​មួយ​នេះ​​មាន index ជាង 60 លាន​ទំព័រ​។
ចំណូល
មុន ​ពេល​​កកើត​បាន​​ជា​ក្រុមហ៊ុន​សាជីវកម្ម Google ត្រូវ​បាន​លោក Andy Bechtolsheim ផ្ដល់​​មូលនិធិ​​ដំបូង​ប្រមាណ​ជាង 1 សែន​ដុល្លារ​អាមេរិក​សម្រាប់​​ប្រែ​ក្លាយ​ក្រុមហ៊ុន Google ឲ្យ​ទៅ​ជា​ក្រុមហ៊ុនសាជីវកម្ម​​​។ នៅ​ឆ្នាំ 1999 BrinនិងPage សម្រេច​ចិត្ត​​លក់ search engine មួយ​នេះ​ដោយ​សារ​វា​ទាម​ទា​ទុន​វិនិយោគ​​ច្រើន​ពេក​តែ​ក្រោយ​មកនៅ​ខែ​ឧសភា ​ឆ្នាំ​ដដែល​មាន​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​​ធំៗ​​ជា​ច្រើន​ដូច​ជា​ Venture Capital, Kleiner Perkins Caufield&Byers និង Sequoia Capital បាន​ផ្ដល់​​​​មូលនិធិ​​គាំទ្រ​សាជីវកម្ម​​ថ្មី​នេះ​​ដែល​ចំនួន​​ទឹក​ប្រាក់​ ​បាន​​កើន​ឡើង​ដល់​ 25 លាន​ដុល្លារ​​​។
មក ​​ដល់​ឆ្នាំ 2004​ Google បាន​បោះ​ភាគហ៊ុន​ចំនួន 19,605,052 ហ៊ុន​ដែល​ក្នុង​មួយ​ហ៊ុន​ៗ​មាន​តម្លៃ 85 ដុល្លារ​ដាក់​លក់​នៅ​ទីផ្សារ​ Morgan Stanleyនិង Credit Suisse។ គិត​ត្រឹម​ឆ្នាំ 2009​ Google មាន​ទ្រព្យ​សកម្ម​កើន​ឡើង​ដល់ 40.497ពាន់​លាន​ដុល្លារ​អាមេរិក​​។
ការទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ដទៃ
Google បាន​ទិញ​​ភាគ​ហ៊ុន​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា​នៅ​ឆ្នាំ 2004 ទិញ​ក្រុមហ៊ុន Keyhole Inc ដែល​បាន​រក​ឃើញ​បច្ចេកវិទ្យា3Dសម្រាប់Viewរូបភាព​ផែន​ដី​ ហើយ​នៅ​ឆ្នាំ 2005​ Google បាន​ប្ដូរ​ឈ្មោះ​មក​ជា Google Earth
ពីរ​ឆ្នាំ​ក្រោយ​មក Google បាន​ទិញ​ YouTube ក្នុង​​តម្លៃ 1.65 ពាន់​លាន​ដុល្លារ និង DoubleClick ក្នុង​តម្លៃ 3.1ពាន់​លាន​ដុល្លារ​។ នៅ​ចុង​ឆ្នាំ 2007​ Google បាន​ទិញ​ក្រុមហ៊ុន​ពីរ​ទៀត​គឺ GrandCentral និង​Aardvark ក្នុងតម្លៃ 50 លាន​ដុល្លារ​ដូច​គ្នា​។ ចំពោះ GrandCentral ត្រូវ​បាន Google ប្ដូរ​ឈ្មោះ​ជា Google Voice។ ​ក្រៅ​ពី​នេះ Google មាន​គម្រោង​​ទិញ​​​ក្រុមហ៊ុន ជា​ច្រើន​ទៀត​។
កិច្ចការ​មនុស្ស​ធម៌
នៅ ​ឆ្នាំ 2004​ Google បាន​បង្កើត​អង្គការ​មនុស្ស​ធម៌​មួយ​​ ដែល​មាន​ឈ្មោះ​ថា Google.org ជា​មួយ​នឹង​ទឹក​ប្រាក់ 1ពាន់​លាន​ដុល្លារ​។ អង្គការ​នេះ​មាន​បេសកកម្ម​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​ បំឡាស់​ប្ដូរ​អាកាសធាតុ សុខភាព​សាធារណៈ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ជុំវិញ​ពិភពលោក។
នៅ​ឆ្នាំ 2008 ក្រុមហ៊ុន​នេះ​​បាន​បង្កើត​គម្រោង​មួយ​ទៀត​​មាន​ឈ្មោះ​ថា 10100 សម្រាប់​​ផ្ដល់​រង្វាន់​ទៅ​ដល់​អ្នក​រក​ឃើញ​គំនិត​ថ្មីៗ​ទាក់​ទង​ទៅ​នឹង​ការ ​អភិវឌ្ឍ​សហគមន៍​ ដោយ​ជ្រើស​រើស​តាម​រយៈ​​ការ​បោះ​ឆ្នោត​នៅ​លើ​​អ៊ីនធឺណិត​៕

ដឹង​ទេ​ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វី?



ក្រុមហ៊ុន​ល្បីៗ​លើ​​ពិភព​លោក ភាគ​ច្រើន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែក​ស​ដូចជា​អាមេរិក និង​អឺរ៉ុប​​ និង​មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ស្បែក​លឿង​នោះទេ។ ចុះ​ចំណែក Yahoo វិញ​មាន​ស្ថាបនិក​ជា​ជនជាតិ​អ្វី​ដែរ? ចម្ងល់​​​នេះ​​​នឹង​លាត​ត្រដាង​ជូន​ប្រិយមិត្ត​​ឲ្យ​ដឹង​​តាម Sabay ដូច​ខាង​ក្រោម៖
ពាក់​វ៉ែនតា ​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​​អាមេរិក​ ប៉ុន្តែ​ដើម​កំណើត​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​លើ​ប្រព័ន្ធ Internet និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Yahoo ផង​ដែរ។
រូប​លោក​ និង​ដៃគូ​ស្ថាបនិក​របស់​លោកគឺ David Filo (បច្ចុប្បន្ន​ជា​ប្រធាន Yahoo) បាន​បង្កើត Yahoo! នៅ​​​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥
ជីវិត និង ការសិក្សា៖
Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅរស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោកអាច​​និយាយ​បាន​ស្ទាត់​ជំនាញ រួច​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់ Advance Placement ។
​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។
ការងារ
ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ទៅ​កាន់ WWW ក្នុង ​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។
ដំណែង CEO របស់ Yahoo!
លោក Yang បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែមិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​​គាត់​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​ មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​លក់​ឧបករណ៍ Network CISCO ផង​ដែរ ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលានោះ​ទេ។
បន្ត​តាមដាន ជីវប្រវត្តិ​សង្ខេប​​របស់​បុគ្គល​បច្ចេកវិទ្យា​អន្តរជាតិ ​ស្នាដៃ​បុគ្គល​បច្ចេកវិទ្យា​ក្នុង​ស្រុក និង​ស្ថាប័ន​ល្បីៗ​ដទៃ​ទៀត។ 

អ្នក​រចនា​«ឡូហ្គូ»​Apple​ដំបូង​បង្អស់​ជា​នរណា?



រូបរាង​របស់ «ឡូហ្គូ» ដំបូង​គេ​របស់​Apple មិន​មែន​មាន​ទ្រង់ទ្រាយ​ដូច​ផ្លែប៉ោម ឆែប​មួយ​ចំណិត​ដូច​សព្វ​ថ្ងៃ​ដែល​មាន​លើ​ឧបករណ៍​នានា​ដូចជា​iPhone, iPad, iPod ឬ​Mac នោះ​ទេ ប៉ុន្តែ​Logo ដំបូង​ឡើយ​របស់​Apple មាន​ទាំង​វត្តមាន​របស់​អ្នក​រូបវិទូ​ដ៏​ល្បីល្បាញ​គឺ​លោកញ៉ូវតុន (Issac Newton) កំពុង​អង្គុយ​អាន​សៀវភៅ​​ក្រោយ​ដើម​ប៉ោម អម​ដោយ​វត្តមាន​វាល​ស្មៅ បូក​រួម​ទាំង​ទេសភាព​ផ្សេងៗ។ តើ​ឡូហ្គូ​ដំបូង​នេះ អ្នក​ណា​ជា​អ្នក​ផ្ដួច​ផ្ដើម​រចនា​ឲ្យ​លេច​ចេញ​ជា​រូបរាង​ឡើង?
អ្នក ​រចនា​ស្លាកសញ្ញា​ឲ្យ​Apple ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៧៦ គឺ​លោក Ron Wayne ហើយ​ក៏​ជា​អ្នក​មាន​ហ៊ុន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ក្រុមហ៊ុន​Apple ជាមួយ​Steve Jobs និង​Steve Wozniakដែរ។
បុរស ​វ័យ​ជ្រេ​ច្រើន​ជាង Steve Jobs ២១​ឆ្នាំ (២៤ កុម្ភៈ ១៩៥៥) លោក​Ronald Gerald Wayne កើត​ថ្ងៃ​ទី ១៧ មេសា ១៩៣៤ បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​វីដេអូ​ហ្គេម​​ឈ្មោះ​ថា Atari ជាមួយ​គ្នា។ ក្រោយ​មក​ទើប​មិត្ត​រួម​ការងារ​ទាំង​ពីរ​ខាង​លើ​នេះ បាន​មូល​មតិ​គ្នា ចាប់​ដៃ​សហការ​ជាមួយ​វិស្វករ​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​គឺ​លោក Steve Woniak បង្កើត​ក្រុមហ៊ុន​Apple (ដំបូង​ឡើយ​ក្រុមហ៊ុន​មួយ​នេះ​ឈ្មោះ​ថា Apple Computer ប៉ុន្តែ​បច្ចុប្បន្ន​ជា​Apple Inc.) និង​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១ មេសា ១៩៧៦។
  
CD មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ?
លោក​អ្នក​តែង​ធ្លាប់​ប្រើ Disc ជា​និច្ចកាល​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ (Read/Write) ជា​មួយ​កុំព្យូទ័រ, ម៉ាស៊ីន​ចាក់​ឌីស (CD/VCD/DVD..player)។ ចុះ​ប្រិយមិត្ត​បាន​ដឹង​ទេថា​ តើនរណាជាអ្នក​បង្កើត ហើយ​ ​បង្កើត​ CD នេះពី​ពេល​ណាមក?
កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ Sony និង Philips សហការ​គ្នា​​ផលិត CD ដំបូង​គេនេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​គម្រប់​ខួប ៣០ឆ្នាំ ដែល​ចាប់​កំណើត​ដំបូង​ក្នុង​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ ១៩៨២
Compact Disc ឬ​ហៅ​កាត់​ថា CD គឺ​ជា optical disc ទំហំ 700MB ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ, បទ​ចម្រៀង, វីដេអូ និង​អាច​បើក​ស្ដាប់​បាន​តាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ តុលា​ឆ្នាំ១៩៨២ ដែល​ពេល​នោះ Sony បាន​បង្ហាញ​ម៉ាស៊ីន​សម្រាប់​ចាប់​ស្ដាប់​ជា​មួយ Disc នេះ​មាន​ឈ្មោះ​ថា Sony CDP-101
CD បង្កើត​ដំបូង​មាន​អង្កត់​ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើត​ពី​សារធាតុ​ប្លាស្ទិក និង​អាច​ចាក់​ស្ដាប់​តន្ត្រី​បាន​រយៈពេល ៧៤នាទី។ ក្រោយ​មក​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ចាប់​ផ្ដើម​បំពាក់ CD player នេះ​ទៅ​ក្នុង​តួ​មុខ​នៃ​រថយន្ត ជំនួស​ឲ្យ​ម៉ាស៊ីន​ចាក់​កាសែត​វិញ ហើយ​នៅ​តាម​ផ្ទះ​ក៏​ចាប់​ផ្ដើម​មាន​ម៉ាស៊ីន​ចាក់​ថាស ដែល​អាច​ចាក់​ស្ដាប់​បាន​ជា​មួយ CDs នេះ​ជា​បណ្ដើរៗ​រៀង​មក។
តែ ​មក​ដល់​សម័យ​កាល​បច្ចុប្បន្ន​នេះ CD ហាក់​ដូច​កំពុង​បាត់​បង់​ប្រជាប្រិយភាព​បណ្ដើរៗ​ហើយ ព្រោះ​អ្នក​ប្រើ​ប្រាស់​ភាគច្រើន​មិន​សូវ​ឃើញ​មាន​ប្រើ CD ដូច​ពេល​មុនៗ​ទេ តែ​បែរ​ឃើញ​មក​ប្រើ​ជា MP3 Player, ម៉ាស៊ីន​ចាក់​ឌីស ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដែល​អាច​ប្រើ​ជា​មួយ Flash drive ទៅ​វិញ។ ប្រសិន​ជា​ដូច​ច្នេះ​មែន តើ​អនាគត​របស់ CD នឹង​ទៅ​ជា​យ៉ាង​ណា តើ​អាច​បាត់​មុខ​ដូច​ជា​កសែត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?

Toshiba​កើត​មក​ពី​ណា?
Toshiba Corporation គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ ​ជាតិសាសន៍​របស់​ជប៉ុន ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​លើ ហេដ្ឋារចនាសម្ព័ន្ធ​ ផលិតផល​ប្រើប្រាស់ គ្រឿង​បរិក្ខារ​អេឡិចត្រូនិក រួម​មាន​ទូរទស្សន៍ កុំព្យូទ័រ​យួរ​ដៃ​ជាដើម។ ឧបករណ៍​ចម្លង​កម្ដៅ (Semiconductors) ដែល​ផលិត​ដោយ Toshiba គឺ​ស្ថិត​ នៅ​ក្នុង​ផលិតផល​កំពូល​ទាំង​ ២០ របស់​ពិភពលោក។ នៅ​ឆ្នាំ ២០០៩ Toshiba គឺ​ជា​អ្នក​ផលិត​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ចំណាត់​ ថ្នាក់​ទី ៥ លើ​ពិភពលោក នៅ​ពី​ក្រោយ​ក្រុមហ៊ុន Hewlett-Packard របស់​អាមេរិក Dell របស់​អាមេរិក Acer របស់​តៃវ៉ាន់ និង Lenovo របស់​ប្រទេស​ចិន។
Toshiba ជា​ក្រុមហ៊ុន​ផលិត និង​ចែក​ចាយ​ផលិតផល​អេឡិចត្រូនិក​ដែល​មាន​ច្រើន​ផ្នែក​ដូចជា ចែក​ចាយ​ឧបករណ៍ និង​ប្រព័ន្ធ​សារព័ត៌មាន និង​ទូរគមនាគមន៍ ដំណោះស្រាយ​តាម​អ៊ីនធឺណិត សម្ភារៈ​អេឡិចត្រូនិក ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល ប្រព័ន្ធ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​ជា​អ្នក​ផលិត​ និង​ផ្គត់ផ្គង់​ប្រដាប់​ប្រើប្រាស់​ក្នុង​ផ្ទះ។
ការ​វិវត្ត
នៅ​ឆ្នាំ ១៩៣៩Toshiba ត្រូវ​បាន ​បង្កើត​ឡើង​ដោយ​ច្របាច់​ក្រុមហ៊ុន​ពីរ​បញ្ចូល​គ្នា។​ ក្រុមហ៊ុន​ទី​​មួយ ​ក្រុមហ៊ុន Tanak Seisakusho (ការងារ​វិស្វកម្ម Tanaka) ដែល​ជា​​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរលេខ ​ទី​មួយ​របស់​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Hisashige Tanaka នៅ​ឆ្នាំ ១៨៧៥។ នៅ​ឆ្នាំ ១៩០៤ ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ប្តូរ​ទៅ​ជា Shibaura Seisakusho ( ការ​ងារ​វិស្វកម្ម Shibaura)។ នៅ​ដើម​សតវត្ស​ទី ២០ ការងារ​វិស្វកម្ម Shibaura បាន​ក្លាយ​ជា​អ្នក​ផលិត​ឧបករណ៍​ឧស្សាហកម្ម​ធន​ធ្ងន់​ ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ធ្វើ​ទំនើប​កម្ម ក្នុង​យុគសម័យ​ ម៉ី​ជី (Meiji Era) និង​ក្លាយ​ជា​កម្លាំង​ឧស្សាហកម្ម​ពិភពលោក។
ទី​ពីរ​គឺ​ ក្រុមហ៊ុន Hakunetsusha ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨០ និង​ជា​ក្រុមហ៊ុន​ផលិត​អំពូល​អេឡិចត្រូនិក​ដំបូង​គេ​របស់​ជប៉ុន។ ក្រុមហ៊ុន​នេះ បាន​ពង្រីក​ការ​ផលិត​របស់​ខ្លួន​ទៅ​ផលិត​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត ហើយ​នៅ​ឆ្នាំ ១៨៩៩ វា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Tokyo Denki (Tokyo Electric)។
ការ​ច្របាច់​បញ្ចូល​គ្នា​នៅ​ឆ្នាំ ១៩៣៩ នៃ​ក្រុមហ៊ុន Shibaura Seisakusho និង Tokyo Denki បាន​បង្កើន​ជា​ក្រុមហ៊ុន​មួយ​ថ្មី​ឈ្មោះ Tokyo Shibaura Dinka (Tokyo Shibaura Electric)។ ក្រោយ​ពី​នោះ​​វា​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា Toshiba រហូត ​ដល់​ឆ្នាំ ១៩៧៨ ទើប​ក្រុមហ៊ុន​នេះ​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​ទៅ​ជា Toshiba Corporation។
ក្រុមហ៊ុន Toshiba មាន​ការ​រី​ក​ ចម្រើន​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ក្រុមហ៊ុន​ និង​ទាំង​ក្នុង​ទីផ្សារ​ ពោល​គឺ​ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធន​ធ្ងន់​ផ្សេង​ៗ​ ក្នុង​ទសវត្ស​ឆ្នាំ ១៩៤០ និង​ ១៩៥០ និង​បន្ទាប់​មក​បាន​ពង្រីក​ខ្លួន​រឹត​តែ​ធំ​ឡើង​នៅ​ទសវត្ស​ឆ្នាំ ១៩៧០។ ក្រុម​ដែល​បាន​បង្កើត​ឡើង​មាន​ដូច​ជា Toshiba EMI (1960), Toshiba International Corporation (1970s) Toshiba Electrical Equipment (1974), Toshiba Chemical (1974, Toshiba Lighting and Technology (1989), Toshiba America Information Systems (1989) និង Toshiba Carrier Corporation (1999)។
ក្រុមហ៊ុន Toshiba បាន​ផលិត​ ឧបករណ៍​ជា​ច្រើន​សម្រាប់​ប្រទេស​ជប៉ុន​ដែល​មាន​ដូចជា រ៉ាដា (១៩៤២), កុំព្យូទ័រ​ឌីជីថល TAC (១៩៥៤), ទូរទស្សន៍ និង​មីក្រូវ៉េវ (១៩៥៩), ទូរស័ព្ទ​វីដេអូ​ពណ៌​ធម្មជាតិ(១៩៧១), Word Processor ភាសា​ជប៉ុន (១៩៧៨), ប្រព័ន្ធ MRI(១៩៨២), កុំព្យូទ័រ​យួរ​ដៃ (១៩៨៦), NAND EEPROM (១៩៩១), ឌីវីឌី (១៩៩៥), កុំព្យូទ័រ​យួរ​ដៃ​តូច Libretto (១៩៩៦) និង HD DVD (២០០៥)។
នៅ ​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន Toshiba បាន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ប្រេស៊ីល Semp (Sociedade Electromercantil Paulista) ដោយ​បាន​បង្កើត Semp Toshiba។
នៅ ​ឆ្នាំ ១៩៨៧ Tocibai Machine ដែល ​ជា​ក្រុមហ៊ុន​តូច​ក្នុង​ក្រុមហ៊ុន Toshiba បាន ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​លក់​ម៉ាស៊ីន​កិន​​ខុស​ច្បាប់​ទៅ​ឲ្យ​សហភាព​សូវៀត ​ដើម្បី​ធ្វើ​ជា​ស្លាប​ចក្រ​នាវា​មុជ​ទឹក​ អំពើ​នេះ វា​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​របស់​បណ្ដា​ប្រទេស CoCom។ រឿង​អាស្រូវ Toshiba-Kongsbergនេះ ​​មាន​ជាប់​ពាក់ព័ន្ធ​​​​​​​ជាមួយ​ក្រុមហ៊ុន Toshiba និង​ក្រុមហ៊ុន​របស់​ន័រវ៉េ Kangsberg Vaapenfabrikk។
នៅ​ឆ្នាំ ២០០១ Toshiba បាន​ចុះ​កុងត្រា​ជាមួយ​ជាមួយ Orion Electric ដើម្បី​ផលិត​ និង​ផ្គត់​ផ្គង់​ផលិតផល​ទូរទស្សន៍​ និង​វីដេអូ ​ឲ្យ​បាន​គ្រប់​តាម​តម្រូវ​ការ​របស់​អាមេរិក​ខាង​ជើង។ កុងត្រា​នេះ​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ ២០០៨។
នៅ​ខែ​ធ្នូ​ ឆ្នាំ ២០០៤ Toshiba បាន ​ប្រកាស​ស្ងាត់​ថា​ខ្លួន​នឹង​បញ្ឈប់​ការ​ផលិត​ទូរទស្សន៍​ស​ខ្មៅ​ទៀត​ហើយ និង​នៅ​ឆ្នាំ ២០០៦ ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​ផលិតកម្ម​ទូរទស្សន៍​អេក្រង់​ផ្លា​ស្មា។
ស្ថានភាព​នា​ពេល​បច្ចុប្បន្ន
បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Toshiba ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Norio Sasaki ដែល​មាន​បុគ្គលិក​សរុប​ប្រមាណ​ ២០៣,០០០ នាក់ គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មិនា​ឆ្នាំ ២០១១។ ផលិតផល​ដែល​ក្រុមហ៊ុន​នេះ​ផលិត​នា​ពេ ល​បច្ចុប្បន្ន​រួម​មាន កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យួរ​ដៃ ផលិត​ ផល​ឌីជីថល សម្ភា រ​អេឡិចត្រូនិក សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ Servers, Netbooks, Periphera ls, និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម៕

Comments

Popular posts from this blog

USB Wifi Hotspot 4G Olax U80 តម្លៃ 25$

Wifi Hotspot 4G Olax WD680 តម្លៃ 35$

WIFI Hotspot 4G Olax MF980L ☆ តម្លៃ 35$