រឿងនិទានខ្មែរ


👉រឿងនិទាន
បុរស​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​ បាន​ទេ>>។

លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។ បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។ នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។ សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។
ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។ វេលា ​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។

  👉រឿង រាជសីហ៍ស្រលាញ់មេគោ
មានសត្វរាជសីហ៍មួយដើរទៅឃើញមេគោរបស់នាយគោបាលម្នាក់ ក៏មានចិត្តប្រតិព័ទ្ធស្រលាញ់ស្នេហា ចូលទៅសេពកាមដោយមេគោរួចហើយក៏ចូលព្រៃ ។
អាការរាជសីហ៍សេពនឹងមេគោនោះ មិនតែម្ដងឡើយ សឹងចលទៅសេពសព្វៗថ្ងៃ ឯមេគោទាំងឡាយ តាំងតែពីរាជសីហ៍ចូលកាល់រឿយៗមក ក៏ស្គាំងស្គមទ្រមមាឌ ហើយទាំងមានក្ដីភិតភ័យខ្លាចរាជសីហ៍នោះផង ឯទឹកដោះសោតក៏ចេញមិនបរិបូណ៍ដូចអំពីមុនៗឡើយ ។
នាយគោបាល កាលបើបានឃើញរាជសីហ៍ចូលកា់មេគោទាំងឡាយរបស់ខ្លួន តែសព្វៗថ្ងៃដរាបដល់មេគោទាំងឡាយស្គាំងស្គមទ្រមមាឌ នឹងរឹតយកទឹកដោះពុំសូវបាន ដូចកាលមុនៗដូច្នេះ ក៏នាំសេចក្ដីនុះ ទៅជម្រាបដល់មហាសេដ្ឋី ជានាយធំ ឲ្យជ្រាបហេតុសព្វប្រការ មហាសេដ្ឋីក៏ប្រាប់ឲ្យនាយគោបាលប្រកបថ្នាំពិសពុល យកទៅលាបគូថលាបរោមនៃមេគោទាំងឡាយនោះ ដើម្បីបំពុលរាជសីហ៍ក្នុងកាលដែលវាមកលិទរោមលិទគូថមេគោនោះឯង ។
ឯនាយគោបាលក៏ចេញមកស្លថ្នាំពិស បានហើយក៏នាំទៅលាបកាយនៃមេគោ តាមពាក្យមហាសេដ្ឋីបង្គាប់នោះឯង ។
ឯរាជសីហ៍នោះលុះពេលព្រឹកឡើង ក៏ចូលទៅក្នុងហ្វូងគោ ដល់ហើយក៏ទៅប្រលោមស្នេហា តាំងលិទកាយលិទគូថនៃមេគោនោះឯង លុះពាល់ត្រូវថ្នាំពិសនោះកាលណា ក៏កើតពុលដាលផ្សព្វផ្សាយប្រកាច់ដួលចុះ ដល់នូវមរណកាលកណ្ដាលហ្វូងគោនោះហោង ។
សីហ៍អើយសីហោ ស្លាប់ព្រោះគូថគោ ដោយឥតប្រាជ្ញា គិតស្វែងតែកាម កើតញ៉ាមស្នេហា មិនពិចារណា ឲ្យយល់ខុសត្រូវ ។ ខ្លួនជាសត្វព្រៃ ជាតិគោទីទៃ ខុសពូជពង្សផៅ គួរឬទៅធ្វើ អំពើជម្រៅ លិទគោពាល់ត្រូវ ថ្នាំពិសពុលក្ស័យ ។


   👉 រឿង ដើមកំនើតរន្ទះ

កាល ពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀង ខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។
រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។
ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបសជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។
នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។
ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។
កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។
ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថា “ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា” ។

កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។
អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។
ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ ។
អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។

  👉រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាល​ពី​ព្រេងនាយ​ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​ចៅទាំងពីរ​នាក់​នោះ​ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ​ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ​ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់​ អ្នក​មួយ​ថា << ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ​ ត្បិតឈើ​នេះ​មាន​ផ្លែ​ យប់ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ >> ។

អ្នក​មួយ​ទៀត​ឆ្លើយ​ថា << ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ​ ប៉ុន្តែ​ឥឡូវ​ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ រួច​យើង​ចាំ​មើល​ ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង >> និយាយ​គ្នា​ហើយ, ម្នាក់​ដាក់​នៅ​គល់​ឈើ​ ស្រេចហើយ, វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។
ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ​ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ, យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា << តាំង​ពី​ដូនតា​មក​ មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ​ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ​ ឥឡូវ​នេះ​ អ្នញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ ? ដូច្នេះ​ ត្រូវ​អញ​រឭក​ពីពេល​មាន់​រងាវ​ទៅមើល, បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី​ អញ​ដោះ​យក​ទៅ​ចងនឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ, ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ​ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភាសេក, បើ​វា​មិន​សុខចិត្ត​ដូម្ដេចៗ​ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភាសេក​មិន​ខាន, សុភាសេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ ។ ប្ដី​ប្រពន្ធ​គិត​គ្នា​ ហើយ​ដេក​ទៅ, ដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា​ ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់​១​ ក៏​ដោះយក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន​ រួច​តម្លើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ឡើង​អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់អ្នក​មួយ​ ឆ្លើយថា​ កុំ​រលះ​រលាំង​ថ្វី​ អន្ទាក់​ខ្ញុំ​ ខ្ញុំ​មិន​សង្ឃឹម​ទេ​ ត្បិត​នៅ​លើ​ចុង​ឈើ​ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ​ ខ្ញុំ​មិន​ហ៊ានថា​ បើ​បាន​ចែក​គ្នា​ស៊ី​ផង ។ ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ​ ត្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំងពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះដើរ​ចេញ​ទៅ​ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា << ហ្ន​ មើល​ចុះ​ មិន​ជឿ​ខ្ញុំ​ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ឥឡូវ​ មើល​របស់​អ្នកណា​ជាប់​ហៈ ? >> ហើយឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ​ ក៏​លាគ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។ ឯ​ចៅ​ដែល​បាន​ក្ដាន់​ ក៏​ប្រញាប់​យកទៅ​ជូន​សុភាសេក​ហើយ​ជម្រាប​ថា << ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទះ​ផង​គ្នា​ ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ អ្នក​មួយ​នោះ​ដាក់​នៅគល់​ឈើ​ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច​ ក្ដី​នេះ​គង់​តែ​មក​ដល់​លោក​ដូច្នេះ​ តាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណា​ ឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ​ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ >> ។ សុភាសេក​បាន​សាច់​ក្ដាន់​ហើយ​ ឆ្លើយ​ថា​ << ឯក​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះបើ​វា​មក​ប្ដឹង​អញៗ​បង្គាប់​អីចឹង​ដែរ​ បើ​វា​មក​មិន​ទាន់​ អញ​និង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ, ឯង​ប្រញាប់​ទៅ​ចុះ>>។
ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ​ លុះ​វិល​មក​ផ្ទះ​ហើយ​ ដង្ហើមតូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេក។ ក៏បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន ។
លុះ​ព្រឹក​ឡើង​ អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ​ ក៏​យក​ឥវ៉ាន់ទៅ​ដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី​ ដោយ​ខ្លួន​ជា​អ្នកក្រ​លំបាក​តោក​យ៉ាក​ ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់​ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ​ ហើយ​គេ​យក​ទោស​ផង​ ក៏​រត់​ពី​ភូមិ​មួយ​ទៅភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយៗ​សួរ​ថា << មាន​ដំណើរ​អី​បានជា​រត់​ដូច្នេះ ? ឈប់សិន >> ។ ចៅ​នោះ​ឆ្លើយ​ថា​ លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង​ ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នាខ្ញុំដាក់​នៅ​គល់​ឈើ​ គេ​ដាក់ នៅ​ចុង​ឈើ​ ព្រឹក​ឡើង​ទៅ​មើល​ពុឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ​​ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ​ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេកៗ​ គេ​ថា​ អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន, អ្នក​នោះ​ឈ្នះ​ ហេតុនេះ​បាន​ជា​ខ្ញុំ​ភ័យ​ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ​ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង>> ។ សុភាទន្សាយ​ឆ្លើយ​ថា << ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ >> ។ ចៅ​នោះ​ក៏​អរ ។ លុះ​ដល់​ថ្ងៃ​រសៀល​ សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភាសេកៗ​ ស្រែក​សួរ​មក​ថា​<< ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ >> ។ សុភា​ទន្សាយ​ឆ្លើយ​ថា << យើង​ខ្ញុំ​បាន​ជា​យូរ​នេះ​ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល >> ។ សុភាសេក​ថា << ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា​ ត្រីក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ >> ។ សុភា​ទន្សាយ​ឆ្លើយ​ថា << ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក​ នរណា​ដែល​ឃើញ​ដែល​ឮ​ថា​អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ​ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក ? នោះ​សុភាសេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។ សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភាសេក​ ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ​ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់​ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។

  👉រឿង​បុរស​កំជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍
មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ​ នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ ហើយ​ថា << ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ >> ។ ប្ដី​ថា​បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់ >> ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ​ វេច​ជា​កញ្ចប់​ មាន​ទាំង​ដឹង​ ពូថៅ​ទៅ​ផង ។ បុរស​កំជិល​ ដេក​ទាល់​តែ​ថ្ងៃ​រះ​ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់​ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង, ដល់​ក្រោក​ហើយ​ ប្រពន្ធ​ដង​ទឹក​ ទៅ​លប់​មុខ​ឲ្យ​ រួច​ស្រេច​ នាង​ក៏​ហុច​ស្លា​បារី​ នឹង​បាយ​កញ្ចប់​ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុរស​នោះ​ ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ ចូល​ក្នុង​ព្រៃ​រក​ឈើ, បាន​ឃើញ​ឈើ​មួយ​ដើម​ មាន​មែក​សាខា​ម្លប់​ត្រជាក់​ ក៏​ដាក់​បាយ​សំណុំ​ ដឹង​ ពូថៅ​ ហើយ​ដេក​គង​អន្ទាក់​ខ្លា​ មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា << មែក​ឈើ​នេះ​ ត្រូវ​ធ្វើ​ជា​ភ្នៀង​នង្គ័ល, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម , មែក​នេះ​ត្រូវ​ធ្វើ​ជា​ដង​ មែក​នេះ​ត្រូវ​ជា​នឹម​ មែក​នេះ​ ត្រូវ​ធ្វើ​ជា​រនាស់ ។ គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង​ ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ីៗ​រួច​ ដេក​ថា​ដូច​មុន​ទៀត , ថ្ងៃ​រសៀល​ត្រឡប់​មក​ផ្ទះ​វិញ ។ ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់​ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ​ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី​ ហើយ​សួរ​ថា << អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង ! ចាំ​ស្អែក​សឹម​ទៅ​ទៀត​ ដល់​កន្លែង​ដើម​ឈើ​នោះ​ហើយ , រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ​ ឮ​បុរស​កំជិល​ថា​ដូច្នោះ​ ក៏​ភ័យ​ ខ្លាច​រក​កន្លែង​នៅ​គ្មាន​ ក៏​គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កំជិល​នោះ​ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ​ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុរស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង​ ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ​ យក​ទឹក​លាង​ជើង​ប្ដី ។ ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ​ ទេវតា​ចូល​មិន​ចុះ​ មិន​ហ៊ាន​វាយ ។ បុរស​នោះ​រួច​ពី​អន្តរាយ​ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ​ និយាយ​ដូច​មុន​ទៀត​ថា << បាន​សព្វ​គ្រប់​អស់​ហើយ​ ព្រឹក​នឹង​ទៅ​កាប់ >> ។ ទេវតា​ភ័យ​ណាស់​ថា << បុរស​នោះ​ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ >> ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា << សុំ​កុំ​កាប់​ឈើ​នោះ>>។ បុរស​ថា << អញ​មិន​ព្រម​ទេ​ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ >> ។ ទេវតា​ភ័យ​ណាស់​ ក៏​នាំ​គ្នា​និយាយ​សូក​ ដោយ​ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ ឲ្យ​បុរសៗ​សួរ​ថា << ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង ? >> ។ ទេវតា​ថា​ពីរ​កន្លែង​ បុរស​ថា << មិន​ព្រម​ទេ, បើ​៤​កន្លែង​ទើប​ព្រម​ ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង >> ។ ទេវតា​ក៏​ព្រម​ធ្វើ​តាម​ កុំ​ឲ្យ​តែ​កាប់​ដើម​ឈើ​នោះ ។ បុរស​ថា << បើ​ដូច្នោះ​ ខ្ញុំ​លែង​កាប់ , តែ​ថា​ព្រឹក​នេះ​ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ >> ។ ទេវតា​ថា << ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ >> ។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​ទេវតា​ឲ្យ, ក្នុង​កំណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ត្រូវ​ជញ្ជូន​បី​ថ្ងៃ​ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ ។ នាង​នោះ​ ក៏​រៀប​ចំ​ដាក់​ហិប​ ដាក់​ឡាំង​ មិន​ឲ្យ​អ្នក​ណា​ឃើញ​ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់​ លក់​ជា​ជំនួញ​រឹត​តែ​មាន​ឡើង​ៗ​ បាន​ជា​សេដ្ឋី​ មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន​ រាប់​មិន​អស់ ។

👉ប្រវត្តិប្រាក់នៅកម្ពុជា
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពីរូបិយវត្ថុកម្ពុជាយើងបច្ចុប្បន្ននេះហើយ ។ សព្វថ្ងៃនេះរូបិយវត្ថុជាតិដែលអាចធ្វើចរាចរណ៍លើទីផ្សារបានមាន ប្រាក់ និងកាស ។ បើនិយាយពីប្រាក់ប្រាកដជាស្គាល់យ៉ាងច្បាស់ពីប្រភេទក្រដាសប្រាក់ហើយ ដូចនេះខ្ញុំសូមលើកយកប្រភេទកាសមួយចំនួនដូចជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែលសុទ្ធសឹងតែបោះពុម្ពនៅឆ្នាំ ១៩៩៥ ទាំងអស់ ។ មុននេះបន្តិច យើងប្រើប្រាស់ប្រាក់ សេន ដែលមានដូចជា ៥ សេន (បោះពុម្ពឆ្នាំ ១៩៨០) ។ យើងឃើញថាពីមួយជំនាន់ទៅមួយជំនាន់ ការប្រើប្រាស់ប្រាក់កាសតែងមានការផ្លាស់ប្ដូរ ។ តើការកកើតប្រាក់សម្រាប់ចាយដំបូងបំផុតនៅកម្ពុជា ជាប្រភេទប្រាក់អ្វី ? តើនរណាជាអ្នកបង្កើតប្រាក់ដំបូងបំផុតនៅកម្ពុជា ?
បើតាមការសិក្សា និងអានឯកសារបន្ថែម បានឱ្យដឹងថាប្រាក់ដំបូងបំផុតដែលត្រូវបានដាក់ឱ្យមានចរាចរណ៍នៅកម្ពុជាគឺ « ប្រាក់ស្លឹង » ដែលបានបង្កើតឡើងក្នុងរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី (ស្ដេចកន) សតវត្សទី ១៦ ។ ព្រះអង្គបានបង្កើតប្រាក់នេះឡើងគឺដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស ព្រោះកាលពីមុនរជ្ជកាលរបស់ព្រះអង្គការដោះដូរធ្វើឡើងដោយការប្ដូរអីវ៉ាន់គ្នា ឬយកមាសមកប្ដូរយកអីវ៉ាន់តែម្ដង ដែលគេពិបាកក្នុងការកំណត់តម្លៃរបស់មាស ។ តាមសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ១១ ក៏បានឱ្យដឹងដែរថា ក្នុងរជ្ជកាលរបស់ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ព្រះអង្គបានចរចារសន្តិភាពជាមួយប្រទេសជិតខាង ហើយមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនជាមួយបរទេស ។ ប្រាក់ស្លឹងជំនាន់នោះមានធ្វើពីមាស ប្រាក់ ឬស្ពាន់ ដែលមានទម្ងន់ ១៥ ក្រាម វិជ្ឈមាត្រប្រហែល ១៥ មីលីម៉ែត្រ ដែលមានត្រារូបនាគនៅពីមុខ ។ បើតាមឯកសារប្រវត្តិសាស្ត្រ នាសម័យសង្គ្រាមរវាង ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី និង អង្គចន្ទ, ព្រះអង្គក៏ប្រើទង់ជ័យកងទ័ពរូបនាគក្បាល ៧ ដែរ ។ មកដល់សម័យអាណានិគមនិយមបារាំង វិទ្យាស្ថានបោះប្រាក់នៅឥណ្ឌូចិនបារាំង ក៏ប្រើរូបនាគក្បាល ៧ សម្រាប់រចនាផ្ទៃខាងមុខធនបត្រប្រភេទ ៥ រៀល ដែរ ។
លុះមកដល់រជ្ជកាលព្រះបាទអង្គឌួង (១៨៤០-១៨៥៩) នាឆ្នាំ ១៨៧៦ ព្រះបាទអង្គឌួងបានបោះប្រាក់បីប្រភេទគឺ ៖
ប្រាក់ស្លឹង ៖ តាមឯកសារ ប្រាក់ស្លឹងនាសម័យនេះមានអក្សរ និងត្រាដូចប្រាក់ប្រាសាទដែរគឺមានត្រារូបហង្សម្ខាង និងត្រារូបប្រាសាទម្ខាង ។ ក្នុងវចនានុក្រមខ្មែរមានកត់ត្រាតែប្រាក់ស្លឹងក្នុងរជ្ជកាល ព្រះបាទអង្គឌួង តែមិនបានកត់ត្រាពីប្រាក់ស្លឹងដំបូងបំផុតនៅកម្ពុជាទេ គឺរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ។ ឯទម្ងន់នៃប្រាក់នេះគឹ ១ ជី ដូច្នេះ ៤ ស្លឹង ស្មើនឹង ១ ប្រាសាទ(ប្រាសាទទីនេះគឺជាប្រភេទប្រាក់) ។
ប្រាក់ហួង ៖ តាមឯកសារ ប្រាក់ហួងមានត្រា និង អក្សរដូចដូចប្រាក់ប្រាសាទដែរតែទម្ងន់នៃប្រាក់នេះគឺ ៥ ហ៊ុន ។

ប្រាក់ប្រាសាទ ៖ នៅគែមជុំវិញមានដាក់កាលបរិច្ឆេទ នៃការបោះពុម្ពប្រាក់ជាបីសករាជគឺ ពុទ្ធសករាជ ចុល្លរាជ និងមហាសករាជ នៅត្រង់ផ្ទៃកណ្ដាលមានរូបហង្សតំណាងឲ្យឈ្មោះលោក សំអាង ហង្ស ដែលព្រះបាទអង្គឌួងបានបញ្ជូនឲ្យសិក្សារៀនពីវិជ្ជាបោះប្រាក់នៅប្រទេសថៃ ។ ដូច្នេះបានជាយើងឃើញរូបហង្សនេះត្រូវបានយកជារូបសញ្ញាតំណាងឲ្យ « ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ » នារជ្ជកាលព្រះបាទ នរោត្ដម សីហនុ សម័យសាធារណរដ្ឋខ្មែរ (លន់ ណុល) និងសម័យ បច្ចុប្បន្នផងដែរ ។ ផ្ទៃម្ខាងទៀតនៃប្រាក់នេះ មានរូបប្រាសាទអង្គវត្ត ហើយនៅពីក្រោមរូបនេះមានអក្សរ « ក្រុងកមពូជា » ។ ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួងមានទំងន់ ៤ ជី និងវិជ្ឈមាត្រ ៣៥ ម.ម ។
ដើម្បីរម្លឹកជាអនុស្សាវរីយ៍ដល់រូបិយវត្ថុដំបូងបំផុតរបស់ខ្មែរ និងរម្លឹកដល់ប្រាក់ប្រាសាទ ធនាគារជាតិនៃកម្ពុជាក៏បានបោះរៀបចំ និងដាក់លក់ជូនសាធារណជន ដែលប្រាក់ស្លឹងមានពីរប្រភេទគឺ ព័ណ៌មាស និង ពណ៌ប្រាក់ លក់ក្នុងតម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក និង ប្រាក់ប្រាសាទ មានព័ណ៌ប្រាក់ លក់ក្នុងតម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក ។ ក្នុងនោះ អ្វីដែលស្ទើរតែពុំគួរឱ្យជឿនោះ គឺប្រាក់ស្លឹងក្នុងរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ត្រូវបានបោះពុម្ពឡើយវិញដោយមានអក្សរ NAGA ដែលមានន័យថា នាគ នៅលើកាសបុរាណដែលបានបោះពុម្ពឡើងវិញនោះ។


Popular posts from this blog

USB Wifi Hotspot 4G Olax U80 តម្លៃ 25$

Wifi Hotspot 4G Olax WD680 តម្លៃ 35$

WIFI Hotspot 4G Olax MF980L ☆ តម្លៃ 35$